ប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំខ្មែរបានដល់រឿងនិទានមួយ នៅក្នុងសង្ក្រានសូត្រនិទានថាមានបុរសម្នាក់ឈ្មោះថាធម្មបាលជាអ្នក ប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ហើយតែងតែសម្ដែងមង្គលដល់មនុស្សផងទាំងពួង។ លុះកបិលមហាព្រហ្ម (សម័យនោះគេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម)ជ្រាបថាធម្មបាលកុមារជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា៣ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល។
តែបើធម្មបាលមិនអាចដោះស្រាយប្រស្នារួច ទេ ត្រូវកាត់ក្បាលបូជាជូនមហាព្រហ្មវិញ។ ធម្មបាលសូមបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្ដែ៦ថ្ងៃបានកន្លងផុតទៅហើយ នៅតែគិត មិនឃើញ ធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅសម្បុកនៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អ យប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយគ្នា។
សត្វឥន្ទ្រីញីបានសួរទៅសត្វឥន្ទ្រីឈ្មោលថា ថ្ងៃនេះយើងបានអ្វីជាអាហារ? សត្វឥន្ទ្រីឈ្មោលនិយាយទៅសត្វឥន្ទ្រីញីថា ថ្ងៃនេះ នឹងបានសាច់ធម្មបាលកុមារស៊ីជាអាហារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរទៀតថា ប្រស្នា នោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖
- ខ១ ៖ នៅវេលាព្រឹក សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះហើយមនុស្សទាំងឡាយ ត្រូវយកទឹកលុបលាងមុខ។
- ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅទ្រូង ហេតុនេះទើបមនុស្សទាំងឡាយយកទឹកលាងទ្រូង។
- ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនោះទើបមនុស្សទាំងឡាយយកទឹកលាងជើង។
ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រីក៏បានមកជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្ម រួចចៀសផុតពីក្ដីមរណៈ។ កបិលមហាព្រហ្មសុខចិត្ដចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល។ មុនពេលកាត់ក្បាល កបិលមហាព្រហ្មបានកោះហៅទេពធីតា ទាំង៧អង្គដែលជាបុត្រីរបស់ខ្លួនឱ្យយកពានមកទ្រក្បាល ព្រោះថាបើដាក់ក្បាលនោះនៅលើផែនដីនឹងឆេះលោកធាតុ។ បើបោះទៅ លើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ រួចក៏កាត់ក្បាលឱ្យទៅនាងទុង្សាជាកូនច្បង។ នាងទុង្សាហែ ក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់ គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង៧អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្មប្រទកិ្សណភ្នំព្រះសុមេរុជារៀងរាល់ ឆ្នាំ។
1. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេននាងទស្សា
2. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេននាងគោរាគៈ
3. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេននាងរាក្យសា
4. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា
5. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី
6. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា
7. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា
ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែក្បាលកបិល មហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។ បុណ្យចូលឆ្នាំប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសា។
0 comments:
Post a Comment